ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
0

ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងលោកជំទាវ ដែលជា ឧកញ៉ា​ « ទាំងទ្វេ » ទទួលបានដីរដ្ឋប្រភពពីដែនគម្របព្រៃឈើ ជាង៥ហិកតា នៅខេត្តព្រះសីហនុ ធ្វើជាកម្មសិទ្ធិ

កាលពីពាក់កណ្ដាលឆ្នាំ២០២២កន្លងទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ ១២៨អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចកាត់ឆ្វៀលដីទំហំ ៥ហិកតា ២៥អា ៧៧សង់ទីអា ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (​ ក្នុងនោះ ដីទំហំ ដីទំហំ៤ហិកតា ៤៤អា ៤៤សង់ទីអា កាត់ចេញពីទីតាំងដីសម្បទានសង្គមកិច្ច កំណត់ដោយអនុក្រឹត្យលេខ​ ៥២អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងដីទំហំ ៨១អា ៣៣សង់ទីអា កាត់ចេញពីដែនគម្របព្រៃឈើ ឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ) ប្រគល់ជាកម្មសិទ្ធិជូនឯកឧត្តម ឧកញ៉ា កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ឧកញ៉ា ទេព បុប្ផា ប្រសិទ្ធ ។

ប្រការគួរឲ្យចាប់អារម្មណ៍ផងដែរ គឺ ៖ ១-ស្មារតីអនុក្រឹត្យលេខ ១២៨អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលបានសម្រេចកាត់ឆ្វៀលដីរដ្ឋទំហំ ៥ហិកតា ២៥អា ៧៧សង់ទីអា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់ផ្ដល់ជាកម្មសិទ្ធិជូនឯកឧត្តម ឧកញ៉ា កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ ឧកញ៉ា ទេព បុប្ផា ប្រសិទ្ធ​ នោះ បានហៅឋានៈ មុខងារឯកឧត្តម-លោកជំទាវ ( ប្ដី-ប្រពន្ធ ) មានគោរមងារជា ឧកញ៉ា ទាំងទ្វេនេះថា «​ ប្រជាពលរដ្ឋ​ »​​ ទៅវិញ​ (Sic!) ។ ២-ដីសម្បទានសង្គមកិច្ច ដែលបានផ្ដល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ តាមស្មារតីអនុក្រឹត្យលេខ ២៥២អនក្រ.បក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ និងអនុក្រឹត្យលេខ ៥២អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ប្រភពពីដែនគម្របព្រៃឈើ​ ឆ្នាំ២០០២ ទំហំ ៥ហិកតា ២៥អា ៧៧សង់ទីអា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ ទីបំផុតបានធ្លាក់ចូលទៅក្នុងដៃឯកឧត្តម ឧកញ៉ា កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ ឧកញ៉ា ទេព បុប្ផា ប្រសិទ្ធ ជាកម្មសិទ្ធ​ (Resic!) ។

គួរបញ្ជាក់ជូនថា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា តាំងពីអំឡុងដើមឆ្នាំ២០០២ ខណៈមិនទាន់មានងារជា កិត្តិសេដ្ឋាបណ្ឌិត មកម៉្លេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០២/០២៧ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០២ និងលោកជំទាវ ទេព​ បុប្ផា ប្រសិទ្ធ ដែលជាអ្នកជំនួញលាក់មុខ ស្ថិតនៅពីក្រោយក្រុមហ៊ុនធំៗសំខាន់ៗមួយចំនួន ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៣/៨២២ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ខណៈក្រុមគ្រួសារឧត្តមមន្ដ្រី និងអភិជននេះ មានទ្រព្យសម្បត្តិមហាសាល ជាមួយនឹងឯកឧត្តម ឧកញ៉ា កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ហៅ « អ៊ឹង យូតិចហ៊រ » ក៏ជាប្រធានសមាគមចិនត្រកូល « អ៊ឹង » នៅកម្ពុជា ទៀតផង ៕

 

Filed in: feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.