ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on រឿង​អច្ឆរិយៈ​ ? មន្ដ្រីរាជការ​ដែល​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ហើយ​ បែរជា​អាច​ឡើង​ឋានន្តរស័ក្ដិ​ និង​មានឈ្មោះ​ចូល​និវត្តន៍​បាន​ទៀត​

រឿង​អច្ឆរិយៈ​ ? មន្ដ្រីរាជការ​ដែល​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ហើយ​ បែរជា​អាច​ឡើង​ឋានន្តរស័ក្ដិ​ និង​មានឈ្មោះ​ចូល​និវត្តន៍​បាន​ទៀត​

អតីត​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ គឺ​លោក​ ខាំ​ ខឿន​ ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៧​ឆ្នាំ​ ពី​បទ​ទទួល​សំណូក​ បំផ្លាញ​បរិស្ថាន​ និង​ផ្ដល់​ព័ត៌មាន​នូវ​របាយការណ៍​ក្លែងបន្លំ​ជា​លាយលក្ខណ៍អក្សរ​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​ ១៣៨«​ខ​»​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ ។

​ក្រោម​ឥទ្ធិពល​រឿងអាស្រូវ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ​ ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ដ៏​កក្រើក​ គឺ​លោក​ ខាំ​ ខឿន​ ឋានន្តរស័ក្ដិ​ឧត្តមមន្ដ្រី​ ថ្នាក់​លេខ​២​ ត្រូវ​បាន​សម្រួល​ភារកិច្ច​ពី​អភិបាលខេត្ត​រតនគិរី​ ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ ដោយ​រក្សា​ឋានន្តរស័ក្ដិ​ និង​ថ្នាក់​ដដែល​ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១០៦/០១៩​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០០៦​ ។

​លុះ​ក្រោយ​ទទួល​រង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ តាម​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ គឺ​លោក​ ខាំ​ ខឿន​ ក៏​បាន​ក្លាយជា​ទណ្ឌិត​ និង​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ដ្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២១០/១៤៤​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ។​

​រយៈពេល​ប្រមាណ​ជិត​១១​ឆ្នាំ​ក្រោយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ គឺ​ទណ្ឌិត​ឈ្មោះ​ ខាំ​ ខឿន​ ក៏​ទទួល​បានការ​លើកលែងទោស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២១៧/២១១​ ចុះ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​

​ស្រាប់តែ​មក​ដល់​អំឡុង​ចុងឆ្នាំ​២០២២​កន្លង​ទៅ​ គឺ​នៅ​ក្រោយ​ពេល​ទទួល​បានការ​លើកលែងទោស​រួច​ហើយ​ប្រមាណ​ជាង​៥​ឆ្នាំ​ លោក​ ខាំ​ ខឿន​ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្នុង​ឋានន្តរស័ក្ដិ​ឧត្តមមន្ដ្រី​ ថ្នាក់​លេខ​១​ នៃ​ក្របខ័ណ្ឌ​មន្ដ្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទៅ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩២២/១១៦៨​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ (Sic!)​ ។​

​អនុលោម​តាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩២២/១១៦៨​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ និង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២១០/១៤៤​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ ខាំ​ ខឿន​ ឋានន្តរស័ក្ដិ​ឧត្តមមន្ដ្រី​ ថ្នាក់​លេខ​២​ នៃ​ក្របខ័ណ្ឌ​មន្ដ្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រួច​ហើយ​នោះ​ បែរជា​មានឱកាស​ទទួល​បានការ​ឡើង​ឋានន្តរស័ក្ដិ​ពី​ឧត្តមមន្ដ្រី​ ថ្នាក់​លេខ​២​ មក​ឧត្តមមន្ដ្រី​ ថ្នាក់​លេខ​១​ ផង​ និង​មានឈ្មោះ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ក្នុង​ក្របខ័ណ្ឌ​មន្ដ្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ ផង​ (Resic!)​ ៕​

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.