មាត្រា៦២ និងមាត្រា១០១ នៃច្បាប់ស្ដីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានបញ្ញត្តិថា « …ចៅក្រម-ព្រះរាជអាជ្ញា ទាំងពីរភេទ ត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ (ហុកសិប) ឆ្នាំ ។ ដោយឡែក ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ នៃតុលាការកំពូល-មហាអយ្យការអមតុលាការកំពូល ដែលមានអាយុចាប់ពី៦០ (ហុកសិប) ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន ។ ប៉ុន្តែ នៅពេលដល់អាយុ៦៥ (ហុកសិបប្រាំ) ឆ្នាំ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ត្រូវសម្រេចពីការបន្តការងាររបស់ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ នៃតុលាការកំពូល-មហាអយ្យការអមតុលាការកំពូល តាមការស្នើសុំរបស់សាមីខ្លួន ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លើកសេចក្ដីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ អំពីកិច្ចការខាងលើនេះ ។ » ។
អនុលោមតាមបញ្ញត្តិមាត្រា៦២ និងមាត្រា១០១ នៃច្បាប់ស្ដីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា គឺបានបញ្ជាក់បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ចៅក្រម-ព្រះរាជអាជ្ញា ទាំងពីរភេទ នៃសាលាដំបូង-អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងសាលាឧទ្ធរណ៍-មហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវដាក់ឲ្យចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ (ហុកសិប) ឆ្នាំ លើកលែងតែចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ នៃតុលាការកំពូល-មហាអយ្យការអមតុលាការកំពូល អាចនៅបន្តបំពេញការងាររហូតដល់អាយុលើសពី៦៥ (ហុកសិបប្រាំ) ឆ្នាំ (ប្រសិនបើសាមីខ្លួនមិនទាន់ចង់ចូលនិវត្តន៍ និងតាមការសម្រេចរបស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម) ។
ស្រាប់តែ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចពីឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ដលេខានៅលើព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៤៤ ស្ដីពីបទប្បញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេល នៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម នៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានអនុញ្ញាតឲ្យចៅក្រម និងព្រះរាជអាជ្ញា ដែលកំពុងបម្រើការងារនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ មានអាយុចាប់ពី៦០ (ហុកសិប) ឆ្នាំ អាចសុំពន្យារពេលការចូលនិវត្តន៍ និងបន្តការងារ សម្រាប់រយៈពេល១ឆ្នាំម្ដង រហូតដល់អាយុ៦៥ (ហុកសិបប្រាំ) ឆ្នាំ ទៅវិញ ខណៈព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តសម្រាប់រយៈពេល១០ឆ្នាំ (Sic!) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានបញ្ចេញទស្សនៈថា ការចេញព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៤៤ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ស្ដីពីបទប្បញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេល នៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម នៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ គឺមានខ្លឹមសារផ្ទុយ ឬរំលោភបំពានទៅលើបញ្ញត្តិមាត្រា៦២ និងមាត្រា១០១ នៃច្បាប់ស្ដីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា ទាំងស្រុង ។ មជ្ឈដ្ឋានអ្នកច្បាប់ទាំងនោះ បានបន្តទៀតថា វាជាការងាយស្រួលបំផុតសម្រាប់កាលៈទេសៈបច្ចុប្បន្ននេះ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ចង់លៃឲ្យមានការពន្យារអាយុចូលនិវត្តន៍របស់ចៅក្រម-ព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍-មហាអយ្យការអមសាលាឧទ្ធរណ៍ គឺគ្រាន់តែស្នើទៅរដ្ឋសភា ធ្វើវិសោធនកម្ម ឬកែប្រែបញ្ញត្តិមាត្រា៦២ និងមាត្រា១០១ នៃច្បាប់ស្ដីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា ជាការស្រេចទៅហើយៗចាំបាច់អ្វីរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លើកសេចក្ដីព្រាងព្រះរាជក្រឹត្យ ថ្វាយព្រះមហាក្សត្រ បង្ហាញអំពីចរិតកែប្រែស្មារតី នៃច្បាប់បែបនេះទៅវិញ ? ឬក៏ចង់បង្ហាញនូវ « សាច់ដុំអ្នកច្បាប់ » សម័យនេះ អាចយកព្រះរាជក្រឹត្យ មកធ្វើការកែប្រែច្បាប់ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម បានតាមទំនើងចិត្ត ? (Resic!) ៕