ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on ប្រិយមិត្ត​ជ្រាប​ឬទេ ? មាន​ក្រុមហ៊ុន​មេធាវី​មួយ ដែល​ទទួលបាន​កម្រៃ​សេវា​ខ្ទង់លាន​ដុល្លារ ក្នុងការ​ដោះស្រាយ​រឿងក្ដី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន CPC

ប្រិយមិត្ត​ជ្រាប​ឬទេ ? មាន​ក្រុមហ៊ុន​មេធាវី​មួយ ដែល​ទទួលបាន​កម្រៃ​សេវា​ខ្ទង់លាន​ដុល្លារ ក្នុងការ​ដោះស្រាយ​រឿងក្ដី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន CPC

​កាលពី​អំឡុង​ជាង​១១​ឆ្នាំមុន មាន​សំណុំ​រឿងក្ដី​មួយ​បាន​កើតឡើង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា (​ស្ថាប័ន​អគ្គិសនី​កម្ពុជា​-EDC នៃ​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ជាមួយ​ក្រុមហ៊ុន Cambodia Power Company (CPC) ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​រហូតដល់​ខ្ទង់​ច្រើន​លាន​ដុល្លារ​អាមេរិក ទៅលើ​សេវា​មេធាវី​ក្នុងការ​ដោះស្រាយ​រឿងក្ដី​នេះ ។​

​ក្រុមហ៊ុន​មេធាវី ដែល​ទទួលបាន​សិទ្ធិ​ដោះស្រាយ​រឿងក្ដី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន CPC នោះ គឺ​ក្រុមហ៊ុន Sciaroni & Associates ។ កាលពី​ចុងឆ្នាំ​២០១១​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន ៩ ៩៨២ ៧០០ ០០០​រៀល (​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក​) ទៅលើ​ក្រុមហ៊ុន​មេធាវី Sciaroni & Associates ក្នុងការ​ដោះស្រាយ​រឿងក្ដី​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន CPC ដែល​អាច​ចាត់ទុកថា ជា​ក្រុមហ៊ុន​មេធាវី​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា ដំបូង​គេ​ដែល​ទទួលបាន​កម្រៃ​សេវា​ខ្ទង់​ច្រើន​លាន​ដុល្លារ​អាមេរិក ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​រឿងក្ដី​បែបនេះ ។​

​លើសពីនេះ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន ៨ ២០០​លាន​រៀល (​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​) និង​ចុងឆ្នាំ​២០១២ ចំនួន ៥ ២៣៩​លាន​រៀល (​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​) ទៀត ទៅលើ​ក្រុមហ៊ុន​មេធាវី​ក្នុងប្រទេស Sciaroni & Associates និង​ក្រុមហ៊ុន​មេធាវី​ក្រៅប្រទេស Fresh Fields Bruckhaus Deringer ។​

​ក្រុមហ៊ុន​មេធាវី Sciaroni & Associates គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ឯកឧត្តម ប្រេត​តុ​ន ស្កា​រ៉ូ​នី ( Bretton G.Sciaroni ) សញ្ជាតិ​ដើម​អាមេរិក  បច្ចុប្បន្ន​មរណភាព (មរណភាពអំឡុងឆ្នាំ២០២១ ក្នុងជន្មាយុ៦៩ឆ្នាំ) ។​

​លោក ប្រេត​តុ​ន ស្កា​រ៉ូ​នី ( Bretton G.Sciaroni ) សញ្ជាតិ​អាមេរិក ទទួលបាន​ការផ្ដល់​ស​ញ្ជា​តិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម តាំងពី​នៅមាន​អាយុ​៥១​ឆ្នាំ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨០២/២៤៤ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០២ ។ នៅ​អំឡុង​ឆ្នាំ​២០០៣ លោក Bretton G.Sciaroni ក៏បាន​បង្កើត​ក្រុមហ៊ុន Sciaroni & Associates ចុះបញ្ជី និង​ដំណើរការ​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ។ លោក Bretton G.Sciaroni ធ្លាប់​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា ទីប្រឹក្សា​ច្បាប់​អម​រាជរដ្ឋាភិបាល​កម្ពុ​ជា មាន​ឋានៈ​ស្មើ រដ្ឋមន្ដ្រី ចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០០៤ មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨០៤/១៦០ ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០០៤ រហូតដល់​ពេលមរណភាព ពោលគឺ​មាន​ឋានៈ​ជា « ឯកឧត្តម » ៕

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.