រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងអតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ម្នាក់ គឺលោក ជា សុត្ថា អត្តលេខ ០០០០៨៩ ត្រូវបានរកឃើញថា អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍រូបនេះ ធ្លាប់បានលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ម្ដងរួចហើយនាអំឡុងដើមឆ្នាំ២០០៦ តែបានបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ឡើងវិញនាអំឡុងចុងឆ្នាំ២០០៦ និងរយៈពេល១៥ឆ្នាំក្រោយមក ក៏ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌម្ដងទៀតគម្រប់លើកទីពីរ នៅឆ្នាំ២០២១កន្លងទៅ ដោយមានព័ស្ដុតាងជាក់ស្ដែងបញ្ជាក់ ដូចតទៅ ៖
១-លោក ជា សុត្ថា នាយទាហានថ្នាក់ឧត្តមសេនីយ៍ (ឋានន្តរស័ក្ដិឧត្តមសេនីយ៍ត្រី ឬហៅថា ពាក់ផ្កាយ១) ក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០០៨៩ ធ្លាប់ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ រួចហើយ (លើកទី១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០១៨ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦ ។
២-ឈានមកដល់ចុងឆ្នាំ២០០៦ លោក ជា សុត្ថា ក៏ត្រូវបានបញ្ចូលក្របខ័ណ្ឌក្នុងកងយោធពលខេមរភូមិន្ទ និងប្រគល់ឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ឡើងវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១០៦/៤៥២ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ ។
៣-លុះរយៈពេលប្រមាណ១៥ឆ្នាំក្រោយមក លោកឧត្តមសេនីយ៍ត្រី ជា សុត្ថា អត្តលេខ ០០០០៨៩ (១៥ឆ្នាំមិនបានឡើងឋានន្តរស័ក្ដិទេ គឺនៅតែពាក់ផ្កាយ១ដដែល) ក៏ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ សាជាថ្មីម្ដងទៀតគម្រប់ជាលើកទី២ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៣៣ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈថា ព័ស្ដុតាងពាក់ព័ន្ធនឹងករណីអតីតឧត្តមសេនីយ៍ត្រី ជា សុត្ថា គឺបង្ហាញថា ការបញ្ចូលក្របខ័ណ្ឌ ការលុបឈ្មោះចេញពីក្របខ័ណ្ឌ និងការប្រគល់ឋានន្តរស័ក្ដិនាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ តាមរបៀបចូល-ចេញ, ចេញ-ចូល ដូចជាការសម្ដែង « ល្ខោន » បែបនេះ ជាការបង្អាប់បង្អោនកិត្យានុភាព នៃកងយោធពលខេមរភូមិន្ទ យ៉ាងធ្ងន់ធ្ងរបំផុត ៕