អតីតស្ថិតក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) គឺលោក ភួង សោភា ធ្លាប់ទទួលបានការតែងតាំងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង ដនស ដោយអនុក្រឹត្យលេខ ២៤៥អនក្រ.តត ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ និងទទួលបានការដំឡើងឋានន្តរស័ក្ដិ ពីវរមន្ដ្រី ថ្នាក់លេខ២ មកវរមន្ដ្រី ថ្នាក់លេខ១ ដោយអនុក្រឹត្យលេខ ៤១១អនក្រ.តត ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ( អតីតជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ ) ។
រយៈពេលប្រមាណជាង១ឆ្នាំក្រោយមក លោក ភួង សោភា ទទួលបានការដំឡើងឋានន្តរស័ក្ដិ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួង ដនស ពីវរមន្ដ្រី ថ្នាក់លេខ១ មកជាឧត្តមមន្ដ្រី ថ្នាក់លេខ៦ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨១១ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។
នៅដើមឆ្នាំ២០១៩ លោក ភួង សោភា ក៏ទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខ នស/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ពោលគឺមានឋានៈជា « ឯកឧត្តម » និងបានមកបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ខណៈមានឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងត្រូវជា « បងថ្លៃ » ស្រាប់ ។
បំពេញការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ មិនដល់រយៈពេល១ឆ្នាំស្រួលបួលផង ឯកឧត្តម ភួង សោភា ក៏ទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺទទួលបានការតែងតាំងមុខតំណែងចំនួន២ដង ក្នុង១ឆ្នាំ ( Sic! ) ។
ក្រោយទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តម ភួង សោភា ក៏ទទួលបានការធ្វើនិយ័តកម្ម និងដំឡើងឋានន្តរស័ក្ដិ ស្ថិតក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងអភិវឌ្ឍន៍ជនបទ ពីឧត្តមមន្ដ្រី ថ្នាក់លេខ៦ មកជាឧត្តមមន្ដ្រី ថ្នាក់លេខ៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២០/០៦៥ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ពោលគឺបានឡើងឋានន្តរស័ក្ដិ « ផ្លោះរំលងរហូតដល់ទៅ៣ថ្នាក់ » ឯណោះ ( Resic! ) ។
ប្រភពពីមន្ដ្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបប្រាប់ឲ្យដឹងថា មុខតំណែងឯកឧត្តម ភួង សោភា ដែលមានបងថ្លៃ ជារដ្ឋមន្ដ្រី គឺមានឥទ្ធិពលសម្បើមណាស់ ក្នុងនាមទទួលបន្ទុកជាអ្នកសម្របសម្រួលគម្រោងនានានៅក្នុងក្រសួង និងក្រោមឱវាទក្រសួង ប្រៀបដូចជា « រដ្ឋមន្ដ្រីស្រមោល » ហើយក៏បាន និងកំពុង « កាក់កប » ខ្លាំងណាស់ដែរ តាមរយៈវិធី ឬរូបមន្ដការកាត់យកភាគរយពីក្នុងបណ្ដាគម្រោងកម្មវិធីអភិវឌ្ឍន៍ទាំងនោះ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈថា ប្រសិនបើនៅបំពេញការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឡើយ គឺឯកឧត្តម ភួង សោភា ទំនងជាត្រឹមបានឡើងឋានន្តរស័ក្ដិតាមលំដាប់លំដោយឋានានុក្រម ប៉ុណ្ណោះ ប៉ុន្តែ ពេលមកបំពេញការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានបងថ្លៃធ្វើជារដ្ឋមន្ដ្រី ស្រាប់ ដូចជួប « មហាសំណាងល្អ » ទទួលបានការឡើងតំណែង១ឆ្នាំ ២ដង និងឡើងឋានន្តរស័ក្ដិ « ផ្លោះរំលងម្ដង ៣ថ្នាក់ » គួរឲ្យស្ញប់ស្ញែង តែម្ដងទៅ ៕