យោងតាមសំណើរបស់សមាគមឧកញ៉ាកម្ពុជា សរសេរកាតថា « ស.ឧ.ក » ដែលមានឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា តាមស្មារតីលិខិតលេខ ៣៤៩សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
លើសពីនេះ អនុលោមតាមស្មារតីលិខិតលេខ ៣៥០សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមដូចខាងក្រោម ៖
១-ទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យបុគ្គល ដែលទទួលបានគោរមងារ ឧកញ៉ា ទាំងអស់នៅកម្ពុជា ។
២-ផ្ដល់នូវការទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្ដោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៣-សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( ក.អ.ក ) ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ។
៤-អនុញ្ញាតឲ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងទាំងក្រៅប្រទេស ដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ជូនថា គិតត្រឹមដើមឆ្នាំ២០២៣នេះ បុគ្គល ដែលទទួលបានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ មានចំនួន ជាង១ ៣០០នាក់ ប៉ុន្តែមិនទាន់បានដឹងថា មានអ្នកឧកញ៉ា និងឧកញ៉ា ប៉ុន្មាននាក់ក្លាយជាសមាជិកសមាគមឧកញ៉ាកម្ពុជា នោះនៅឡើយទេ ៕