យោងតាមចំណារចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើលិខិតផ្ដល់យោបល់របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានសម្រេចយល់ព្រមជាគោលការណ៍ប្រគល់សមត្ថកិច្ចឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួក ប្រគល់ឲ្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ដោយមិនលើកលែង តាមស្មារតីលិខិតលេខ ១៨សជណ.មយ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ។
រំលងរយៈពេលមិនដល់មួយសប្ដាហ៍ក្រោយ គឹនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន Post តាមបណ្ដាញព័ត៌មានទំនាក់ទំនងសង្គម Facebook ប្រកាសសម្រេចលុបចោលស្មារតីលិខិតលេខ១៨សជណ.មយ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ( ពាក្យពេញនិយមហៅថា ស.ជ.ណ ) នោះវិញ បន្ទាប់ពីមានការផ្សព្វផ្សាយព្រោងព្រាតរួចមក ( Sic! ) ។
គួរបញ្ជាក់ជូនថា លោកស្រី សៀង ចាន់ហេង ដែលគេស្គាល់ថា ជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដ៏ល្បីឈ្មោះ ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨០១/២៨៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០១ និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា ។ នៅដើមឆ្នាំ២០២០ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង ត្រូវបានគណៈសង្ឃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និកាយធម្មយុត្តខ្មែរ ត្រាស់បញ្ញត្តិតែងតាំងឲ្យមានស័ក្ដិជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បញ្ញត្តិនាមថា « នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ » ៕